រឿងខ្លីប្រភេទអប់រំ
កុងស៊ុនឡុង ជាបុគ្គលដែលមានឈ្មោះល្បីល្បាញម្នាក់កាលពីសម័យចានកួក ។ ទ្រឹស្ដីដ៏ល្បីល្បាញរបស់គេនោះគឺ “ សេះស មិនមែនជាសេះ ” នេះឯង ។គេនិយាយថា “ ពាក្យសេះ គឺជាពាក្យអធិប្បាយអំពីរូបលក្ខណៈរបស់សត្វសេះ ឯពាក្យថា សេះស គឺជាការអធិប្បាយអំពីពណ៌របស់សេះ ។ ដូច្នេះបើ ពណ៌ វាពុំមែនជាការបញ្ជាក់ពីរូបលក្ខណៈអ្វីទេនោះ សេះស ក៏ពុំមែនជា សេះ អ្វីដែរ ”
កុងស៊ុនឡុង ខ្លាចក្រែងអ្នកដទៃយល់មិនសូវច្បាស់ គេក៏លើកជាឧទាហរណ៍យកមកពន្យល់បន្ថែមថា “ បើគេនិយាយថា ទិញសេះ មានន័យថា ទិញសេះអ្វីក៏បានដែរ មិនចាំបាច់ថាសេះវាមានពណ៌អ្វីឡើយ ។ ប៉ុន្ដែបើថា ទិញ សេះស វិញវានឹងខុសផ្សេងពីគ្នា ព្រោះគេត្រូវទិញតែ សេះស មួយមុខប៉ុណ្ណោះ ។ ដោយហេតុនេះ គេនឹងឃើញច្បាស់ថា សេះស មិនមែនជាសេះ ”
✍កត់ត្រានៅក្នុង “ កុងស៊ុនឡុងជឺ ”✍
ពាក្យថា “ សេះស មិនមែនជាសេះ ”
បានបែងចែករវាងលក្ខណៈ “ រួម ” និងលក្ខណៈ “ ដោយឡែក ” ជាជំហានមួយក្នុងការអភិវឌ្ឍវិស័យតក្ដវិជ្ជានាសម័យបុរាណ ។ ប៉ុន្ដែ “ លក្ខណៈរួម ” វាតែងស្ថិតនៅក្នុង “ លក្ខណៈដោយឡែក ” ដូចជា “ សេះស ” ជាលក្ខណៈរួមនៅក្នុងនោះដែរគឺ “ សេះ ” ប្រសិនបើគេចចេះតែបែងចែកថា សេះស សេះខ្មៅ... មិនមែនសេះ យកតែរឿងពណ៌មួយមុខមកបែងចែក ដោយមិនគិតពីភាពរួមទេ ការបែងចែកបែបនេះ វានឹងខុសស្រឡះពីការពិតទៅវិញ ។ ហេតុនេះ ការវិភាគរវាងលក្ខណៈ “ រួម ” និង “ ដោយឡែក ” បើយើងមិនរក្សាទំនាក់ទំនង ឬលក្ខខណៈរបស់វាឲ្យច្បាស់លាស់ទេ វានឹងនាំទៅរកការវិនិច្ឆ័យមួយ ដែលខុសពីសភាវៈពិត ។
Post A Comment: