រឿងខ្លី ប្រភេទអប់រំ
ពេលដែល កុងអ៊ីស៊ីវ ត្រូវបានតែងតាំងឲ្យធ្វើជាអគ្គមហាសេនាបតីនៃនគរលូ ។ បណ្ដាលមន្ត្រីរាជការ និងប្រជារាស្ត្រសុទ្ធតែដឹងឮគ្រប់ៗគ្នាថា កុងអ៊ីស៊ីវ គាត់ចូលចិត្ដពិសាត្រីណាស់ ។ ពួកគេបាននាំគ្នាស្វែងរកត្រីស្រស់ៗទាំងទ្រុងៗ យកមកជូន កុងអ៊ីស៊ីវ ដល់កន្លែងធ្វើការរបស់គាត់ តែកុងអ៊ីស៊ីវ បានបដិសេធមិនព្រមទទួលយកទាំងអស់ ទោះបីជាអ្នកណាក៏ដោយ ។កូនចៅក្រោមឱវាទរបស់គាត់ឃើញដូច្នេះ ក៏សួរទៅគាត់...
“ ពួកយើងដឹងថា លោកម្ចាស់ចូលចិត្ដពិសាត្រីជាខ្លាំង...ចុះហេតុអ្វី បានជាលោកម្ចាស់មិនព្រមទទួលយកត្រីដែលគេយកមកជូនដូច្នេះ? ”
កុងអ៊ីស៊ីវ សើចតិចៗហើយឆ្លើយ...
“ ដោយសាតែយើងចូលចិត្ដត្រីហ្នឹងហើយ ទើបយើងមិនហ៊ានទទួលយកត្រីដែលគេបញ្ជូនមកឲ្យនោះណា!... ”
ឮដូច្នេះ ពួកកូនចៅរបស់គាត់ធ្វើមុខងីងើៗ ស្ដាប់មិនយល់ គេក៏សួរទៅគាត់បន្ដទៀត...
“ ពួកខ្ញុំស្ដាប់មិនយល់ទេ!... តើលោកម្ចាស់ចង់និយាយពីអ្វី? ”
កុងអ៊ីស៊ីវ អធិប្បាយឲ្យកូនចៅ ស្ដាប់ថា
“ បើយើងទទួលយកត្រីដែលគេប្រគល់ឲ្យម៉ោញឹកញាប់ពេក... យើងនឹងត្រូវខូចឈ្មោះ... គេនឹងហៅយើងថាជាមនុស្សលោភ ស៊ីសំណូកដែលអាចធ្វើឲ្យយើងធ្លាក់ពីតំណែងអគ្គមហាសេនាបតីទៅវិញ ។ ដល់ពេលនោះ ទោះបីជាយើងចង់បរិភោគត្រីក៏មិនមានត្រីសម្រាប់បរិភោគដែរ... ឥឡូវនេះ យើងបដិសេធមិនទទួលត្រីដែលគេយកមកឲ្យ វាធ្វើអោយយើងមានកេរ្ដិ៍ឈ្មោះល្អ... ជាមនុស្សស្អាតស្អំ ដែលធ្វើឲ្យយើងអាចអង្គុយលើកៅអីអគ្គមហាសេនាបតីនេះបានយ៉ាងងាយស្រួលតទៅមុខ... បើយ៉ាងដូច្នេះហើយ តើយើងនៅខ្លាចក្រែងមិនមានត្រីបរិភោគទៀតឬ? ”
Post A Comment: